តេហ្គូស៊ីហ្គាលប៉ា៖ ប្រធានាធិបតីប្រទេសហុងឌូរ៉ាស លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីនឹងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដីគោក ហើយផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។

ការផ្លាស់ប្តូរនេះនឹងទុកឲ្យកោះតៃវ៉ាន់ មានប្រទេសទទួលស្គាល់ត្រឹមចំនួន១៣ប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឲ្យទទួលស្គាល់គោលនយោបាយចិនតែមួយ។

លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ បាននិយាយប្រកាសថា លោកស្រីបានណែនាំរដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស ឲ្យចាប់ផ្តើមការចរចាជាមួយប្រទេសចិន អំពីបំណងរបស់លោកស្រីក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសចិន។

លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ ក៏ធ្លាប់បាននិយាយបែបនេះ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហុងដូរ៉ាស កាលពីឆ្នាំ២០២១ ដោយលើកឡើងប្រសិនលោកស្រីជាប់ឆ្នោតនោះ រដ្ឋាភិបាលរបស់លោកស្រីនឹងបង្កើតទំនាក់ទំនងកាទូតជាមួយប្រទេសចិន ប៉ុន្តែនៅពេលឡើងកាន់អំណាចរដ្ឋាភិបាលលោកស្រីបានដូរចិត្តវិញ ដោយរក្សាទំនាក់ទំនងកាទូតជាមួយកោះតៃវ៉ាន់ដដែល។

ក្រោយមកនៅខែមករាឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសហុងដូរ៉ាស បាននិយាយថា ហុងឌូរ៉ាសនឹងបន្តពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ ចំណែកការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន មិនមែនជាងារអាទិភាពសម្រាប់លោកស្រីប្រធានាធិបតីនោះទេ។

លោករដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយថា រដ្ឋាភិបាលបានថ្លឹងថ្លែងលើអត្ថប្រយោជន៍ ដែលហុងឌូរ៉ាសទទួលបានពីទំនាក់ទំនងល្អជាមួយតៃវ៉ាន់ ហើយបានសម្រេចចិត្តថា មិនមានហេតុផលអ្វីដើម្បីផ្លាស់ប្តូរនៅពេលនោះទេ។

ចំណែកក្រសួងការបរទេស​កោះតៃវ៉ាន់វិញ បានសម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះគោលជំហររបស់​រដ្ឋាភិបាល​ហុងឌូរ៉ាស ដោយលើកឡើងថា «ប្រទេសរបស់យើងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលហុងឌូរ៉ាស ជាច្រើនដងថា កោះតៃវ៉ាន់ គឺជាដៃគូសហប្រតិបត្តិការដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្តចំពោះសម្ព័ន្ធមិត្តរបស់យើង។ រដ្ឋាភិបាលហុងឌូរ៉ាស ត្រូវពិចារណាដោយប្រុងប្រយ័ត្ន និងមិនធ្លាក់ចូលក្នុងអន្ទាក់របស់ចិន ឬធ្វើការសម្រេចចិត្តខុស ដែលបំផ្លាញចំណងមិត្តភាពយូរអង្វែងរវាងតៃវ៉ាន់ និងហុងឌូរ៉ាស»។

ប្រព័ន្ធ​ផ្សព្វផ្សាយនៅលើកោះ​តៃវ៉ាន់វិញ ​បាន​រាយការណ៍​ថា ក្រសួងការបរទេស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ហុងឌូរ៉ាស ​ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហានេះ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសហុងឌូរ៉ាស អំពីគោលបំណងភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចិន។

លោកបាននិយាយថា «ការពិតដែលថា ប្រទេសចំនួន១៨១ នៅលើពិភពលោកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ និងបង្ហាញយ៉ាងច្បាស់ថា ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺជាជម្រើសដ៏ត្រឹមត្រូវមួយ ស្របតាមនិន្នាការពិតនៃការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រ និងអំពីនិន្នាការនយោបាយ»។

ប្រទេសចិនអះអាងថា គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយទាមទារយកមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយអាចប្រើកម្លាំងកងទ័ពផងដែរ ប្រសិនបើចាំបាច់។

នាពេលកន្លងមកប្រទេសចិន បានបណ្តេញឯកអគ្គរដ្ឋទូតប្រទេសលីទុយអានី ដោយទម្លាក់កម្រិតទំនាក់ទំនងការទូត និងរារាំងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសនោះបានបង្កើនទំនាក់ទំនងជាមួយកោះតៃប៉ិ កាលពីក្នុងខែតុលា ឆ្នាំ២០២១។

ក្រោយមកប្រទេសលីទុយអានី បានបិទស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំង ហើយបានបើកការិយាល័យពាណិជ្ជកម្មនៅកោះតៃវ៉ាន់។

គេ​មិន​ច្បាស់​ទេ​ថា ​មូលហេតុអ្វី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហុងឌូរ៉ាស​ប្តូរ​ចិត្តនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ដែលកំពុងសាងសង់ទំនប់ទឹកដ៏ធំ នៅក្នុងប្រទេសហុងឌូរ៉ាស ដែលជាទូទៅចិនតែងតែប្រើប្រាស់ពាណិជ្ជកម្ម និងការវិនិយោគ ជាការលើកទឹកចិត្តសម្រាប់ការផ្លាស់ប្តូរទំនាក់ទំនង ដូចចិនធ្លាប់ធ្វើដោយជោគជ័យជាមួយប្រទេសកូស្តារីកា ប៉ាណាម៉ា អែលសាល់វ៉ាឌ័រ នីការ៉ាហ្គ័រ និងថ្មីៗនេះ ប្រទេសតូចៗស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង គឺកោះសាឡូម៉ុន។

ចំណែកកោះតៃវ៉ាន់វិញ បានផ្គត់ផ្គង់ដល់ដៃគូផ្នែកការទូតផ្លូវការរបស់ខ្លួន ដូចជាអ្នកជំនាញកសិកម្ម កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយផ្នែកសេដ្ឋកិច្ចផ្សេងទៀត។

គំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវាត់មួយ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន ក៏បានផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍន៍នូវកំពង់ផែ ផ្លូវដែក រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត តាមរយៈផ្តល់ជាប្រាក់កម្ចីក្នុងអត្រាទីផ្សារសេរី។

ការបាត់បង់ប្រទេសហុងឌូរ៉ាស នឹងធ្វើឲ្យកោះតៃវ៉ាន់ នៅទំនាក់ទំនងការទូតជាផ្លូវការត្រឹមតែរដ្ឋចំនួន១៣ប្រទេសប៉ុណ្ណោះ ដូចជាបុរី វ៉ាទីកង់ បេលីស និងប៉ារ៉ាហ្គាយ ដោយភាគច្រើនជាប្រទេសកោះតូចៗ ក្រីក្រស្ថិតនៅតំបន់ការាបៀន និងក្រុមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

សម្ព័ន្ធមិត្តអាហ្វ្រិកតែមួយគត់របស់កោះតៃវ៉ាន់ គឺប្រទេសអេស្វាន់ទី ដែលនាយករដ្ឋមន្ត្រីប្រទេសនេះ បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងខែមីនានេះ ហើយបានសម្តែងការគាំទ្រ និងទទួលស្គាល់កោះតៃវ៉ាន់ឡើងវិញ។

ថ្វីត្បិតតែចិនខំប្រឹងធ្វើយុទ្ធនាការឲ្យកោះតៃវ៉ាន់នៅឯកោក៏ដោយ ក៏កោះតៃវ៉ាន់អាចបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយប្រទេសជាង១០០ផ្សេងទៀត នៅលើពិភពលោក។

កាលពីដើមខែមីនា ឆ្នាំ២០២៣នេះ ប្រធានាធិបតី មីក្រូនេស៊ី លោកបាននិយាយចោទប្រកាន់ប្រទេសចិនថា ប្រើសង្រ្គាមនយោបាយ តាមរយៈខ្លឹមសារនៅក្នុងលិខិតមួយ ផ្ញើទៅកាន់មេដឹកនាំជាតិផ្សេងទៀត និងបានលើកឡើងពីការដូរស្ថានទូតពីប្រទេសចិន ទៅដក់កោះតៃវ៉ាន់ ដើម្បីជាថ្នូរនឹងទឹកប្រាក់ចំនួន៥០លានដុល្លារ ជាជំនួយសម្រាប់ប្រទេសកោះមួយនេះ ដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

លោកប្រធានាធិបតី បាននិយាយថា ប្រទេសចិនបានធ្វើចារកម្មលើប្រទេស មីក្រូនេស៊ី ដោយផ្តល់សំណូក និងធ្វើសកម្មភាពគំរាមកំហែង ដើម្បីធានាថា ប្រសិនបើចិនធ្វើសង្រ្គាមជាមួយតៃវ៉ាន់ ប្រទសមីក្រូនេស៊ី នឹងគាំទ្រចិន ឬយ៉ាងហោចណាស់ក៏ដាក់ខ្លួនឲ្យនៅអព្យាក្រឹតដែរ។

លោកបាននិយាយទៀតថា យ៉ាងហោចណាស់ ប្រទេសមីក្រូនេស៊ី ក៏នឹងទទួលបានកញ្ចប់ជំនួយប្រចាំឆ្នាំចំនួន១៥លានដុល្លារ ហើយតៃវ៉ាន់នឹងជាអ្នកគ្រប់គ្រងគម្រោងផ្សេងៗ ដែលប្រទេសចិនបានផ្តើមគំនិត ដូចជាមជ្ឈមណ្ឌលសន្និបាតជាតិ អគាររដ្ឋាភិបាលរដ្ឋចំនួនពីរ និងកន្លែងហាត់ប្រាណចំនួនពីរ។

ជាប្រតិកម្មតបវិញ ប្រទេស​ចិន​បាន​បដិសេធចំពោះ​ការ​ចោទ​ប្រកាន់​បែបនេះ ដោយ​បាន​ចាត់ទុក​ថា ​នេះជា​សកម្មភាពលាប​ពណ៌មកលើប្រទេសចិន។

ការវាយលុកផ្នែកការទូតរបស់ចិន បានចាប់ផ្តើមធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក នៅពេលការប្រកួតប្រជែងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តឹងតែងឡើងៗ

ប្រទេសចិនបានយកឈ្នះលើអតីតសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ ចំពោះប្រទេសកោះតូចៗនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ដូចជាប្រទេស កោះគីរីបាទី និងកោះ សូឡូម៉ុន ដោយបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៩ លើសន្ធិសញ្ញាសន្តិសុខ ដែលនឹងអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹក និងកងកម្លាំងសន្តិសុខរបស់ចិន អាចមានវត្តមាននៅក្នុងប្រទេសកោះទាំងពីរនេះ។

កិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឲ្យសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសនូវែលសេឡង់ សម្តែងការព្រួយបារម្ភចំពោះការបាត់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកោះតូចៗទាំងនេះ។

ដោយមានការព្រួយបារម្មណ៍ចំពោះការកើនឥទ្ធិពលរបស់ចិនបែបនេះ រដ្ឋបាលរបស់លោក ចូ បាយដិន (Joe Biden) កំពុងស្នើសុំការចំណាយជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីរក្សាទំនាក់ទំនងជាមួយប្រទេសកោះស្ថិតទាំងបីនេះ ដែលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

កញ្ចប់ថវិកាសហព័ន្ធ ដែលលោកប្រធានាធិបតី ចូ បាយដិន ស្នើសុំការឯកភាពពីរដ្ឋសភា រួមមានថវិកាជាង ៧.១ពាន់លានដុល្លារ សម្រាប់ជំនួយដល់កោះម៉ាហ្សាល កោះមីក្រូនេស៊ី និងកោះប៉ាឡៅ។

មន្ត្រីសេតវិមាន បាននិយាយថា ការចំណាយទឹកប្រាក់ដ៏ច្រើននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ដើម្បីយកឈ្នះចិន និងពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

By Ana

You missed