មូស្គូ៖ យោងតាមការវិភាគ បានឲ្យដឹងថា ខណៈថាមពលរបស់អឺរ៉ុបមានតម្លៃកើនឡើងយ៉ាងខ្លាំង ប្រទេសរុស្ស៊ីបែរជាកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនស្តាយស្រណោះ ដែលឧស្ម័ន​នេះ​​ គ្រោង​​នាំ​ចេញ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​។

ក្រុមជំនាញបាននិយាយថា រោងចក្រផលិតឧស្ម័នធម្មជាតិស្ថិតនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ កំពុងដុតបំផ្លាញឧស្ម័ន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល១០លានដុល្លារ ជារៀងរាល់ថ្ងៃ ខណៈអឺរ៉ុបកំពុងតែខ្វះខាតយ៉ាងខ្លាំង។

អ្នកវិទ្យាសាស្ត្រ បានសម្តែងការព្រួយបារម្ភអំពីបរិមាណដ៏ច្រើននៃកាបូនឌីអុកស៊ីត និងអម្រែងភ្លើងកើតចេញពីចំហេះឧស្ម័ននេះ ដែលអាចធ្វើឲ្យការរលាយទឹកកកនៅតំបន់អាកទិក កាន់តែធ្ងន់ធ្ងរឡើងៗ។

តាមការវិភាគបានបង្ហាញទៀតថា បរិមាណឧស្ម័នប្រហែល៤,៣៤លានម៉ែត្រគូប កំពុងតែឆេះចោលក្នុងអណ្តាតភ្លើងជារៀងរាល់ថ្ងៃ នៅឯចក្រផលិតឧស្ម័នធម្មជាតិ នាទីក្រុងសេន ភីតធើស្បើក (St. Petersburg) របស់រុស្ស៊ី។

ដំបូង ពលរដ្ឋហ្វាំងឡង់ រស់នៅព្រំដែនក្បែរនោះ បានប្រទះឃើញអណ្តាតភ្លើងដ៏ធំមួយ ស្ថិតនៅក្នុងចម្ងាយដ៏ឆ្ងាយ កាលពីដើមខែនេះ គឺជាអណ្តាតភ្លើងឆេះឧស្ម័ន នៅជិតស្ថានីយ៍ភ្ជាប់បំពង់បង្ហូរឧស្ម័ន ដែលនាំឧស្ម័នតាមក្រោមសមុទ្រទៅកាន់ប្រទេសអាល្លឺម៉ង់។

ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន ត្រូវបានកាត់បន្ថយ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ ដែលរុស្ស៊ីបានលើកយកលេសបញ្ហាបច្ចេកទេស។ ចំណែក អាល្លឺម៉ង់​ បាននិយាយ​ថា វា​ជា​រឿងនយោបាយ​សុទ្ធសាធ ក្រោយពីមាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ទៅលើ​ទឹកដីអ៊ុយក្រែន។

ប៉ុន្តែចាប់តាំងពីខែមិថុនាមក ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ពីការឡើងកម្តៅយ៉ាងខ្លាំង ភាយចេញពីរោងចក្រ ដែលគេគិតថា ជាកម្តៅកើតមកពីការឆាបឆេះឧស្ម័ន ឬការដុតឧស្ម័នធម្មជាតិ នៅក្នុងប្រទេសរុស្ស៊ី។

ខណៈពេលការដុតឧស្ម័ន គឺជារឿងធម្មតានៅក្នុងរោងចក្រកែច្នៃ ជាធម្មតាគេដុតសម្រាប់សាកល្បងបច្ចេកទេស ឬអំពីសុវត្ថិភាព ប៉ុន្តែទំហំនៃការដុតនេះ បានធ្វើឲ្យអ្នកជំនាញមានការយល់ច្រឡំយ៉ាងខ្លាំង។

សាស្ត្រាចារ្យជំនាញលើទិន្នន័យផ្កាយរណបមកពីសាកលវិទ្យាល័យម៉ាអាមី ក្នុងរដ្ឋអូហាយអូ របស់សរដ្ឋអាមេរិក បាននិយាយថា «ខ្ញុំមិនដែលឃើញរោងចក្រកែច្នៃឧស្ម័នធម្មជាតិឆេះខ្លាំងនោះទេ ប៉ុន្តែចាប់តាំង​ពី​ខែ​មិថុនាមក យើង​បាន​ឃើញ​អណ្តាតភ្លើង​ដ៏​ធំសន្ធោរសន្ធៅ​នេះ ហើយ​វា​មិន​បាត់​ទៅ​ណា​សោះ។ វា​នៅ​តែ​ឆេះខ្ពស់​ខុសពី​ធម្មតាដដែល។ ការ​ឆាបឆេះ​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ហើយ​ទំនង​ជា​ការ​សម្រេច​ចិត្ត​ដោយ​ចេតនា ​ដើម្បី​ហេតុផល​អ្វីមួយ។

អ្នកផ្សេងទៀតជឿថា វាអាចមានបញ្ហាបច្ចេកទេសក្នុងការដោះស្រាយបញ្ហាបរិមាណឧស្ម័នច្រើនលើសលប់ពេក ដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យបំពង់បង្ហូរ ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនថាមពលរុស្ស៊ី មានបំណងប្រើប្រាស់ឧស្ម័ននោះ នៅរោងចក្រថ្មី ប៉ុន្តែប្រហែលជាមានបញ្ហាក្នុងការគ្រប់គ្រង ទើបដុតចោលខ្លះទៅ។

តម្លៃថាមពលនៅជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំង នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ហើយតម្លៃ​បាន​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត​ ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២២នេះ ​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ នៅលើទឹកដី​អ៊ុយក្រែន៕

 

 

By Ana

You missed